Jasper Dalman អាយុ​ទើបតែ ១៩ ឆ្នាំប៉ុណ្ណោះ គឺជាអ្នកបើកបរបញ្ជូនទំនិញ​របស់​ក្រុមហ៊ុន ហ្វ៊ូត ផេនដា ​ក្នុងប្រទេសហ្វ៊ីលីពីន។ គេគឺជាអ្នកបើកបរក្នុងក្រុម​ដំបូងគេដែលបានបង្កើតទៅជា​សាខា​ Cagayan de Oro City សម្រាប់សហជីព United Riders of the Philippines (RIDERS-SENTRO-IUF)។

Jasper បានចូលរួមក្នុងកិច្ច​ខិតខំចងក្រងសហជីព The United Riders of the Philippines និងបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលសហជីព។ គេធ្វើកិច្ចការទាំងអស់នេះ ​ដោយសង្ឃឹមថានឹងអាចជួយលើកកម្ពស់ជីវភាព និង​សុខុមាលភាព​របស់អ្នកបើកបរបញ្ជូនទំនិញ និងគ្រួសាររបស់ពួកគេ។

មានក្ដីរំភើបរីករាយពោរពេញដោយថាមពល​​យុវវ័យ ដោយប្រាថ្នាចង់បាន​ប្រាក់ឈ្នួលសមរម្យនៅទីបំផុត និង​អា​ចធ្វើការដោយសេចក្ដីថ្លៃថ្នូរ។ អ្វីដែល​សំខាន់​គឺសន្តិសុខ​ដែលបាន​មកពីសហជីព រួមទាំងការប្ដេជ្ញាចិត្តដើម្បីតស៊ូ​ទាមទារសិទ្ធិ​ទទួលបាន​ធានារ៉ាប់រងសុខភាពប្រកបដោយគុណភាព និងធានារ៉ាប់រង​ចំពោះគ្រោះថ្នាក់ចៃដន្យ​​។ មិនខុសពី​អ្នកបើកបរបញ្ជូនទំនិញរាប់លាននាក់ដទៃទៀត​ឡើយ កន្លែងធ្វើការរបស់​ Jasper គឺកង់ និងម៉ូតូរបស់គាត់​ក្នុងការបញ្ជូនទំនិញ និងវិលមកពីកន្លែងបញ្ជូនទំនិញវិញ​។ ដើម្បីបំពេញកិច្ចការទាំងអស់​នេះប្រកបដោយសុវត្ថិភាព​មានន័យថា ​ក្រុមហ៊ុនទាំងឡាយ​ ដូចជាក្រុមហ៊ុន ហ្វ៊ូត ផេនដា ជាដើមចាំបាច់​​ត្រូវទទួលខុសត្រូវ និងទទួលស្គាល់​សិទ្ធិ​របស់​អ្នកបើកបរ​ក្នុងការទទួលបាន​កន្លែងការងារប្រកបដោយសុវត្ថិភាព។ ម្យ៉ាងទៀត​ ​ក៏មានន័យថា​ជាការបញ្ចប់​ប្រព័ន្ធ​ដែលមានលក្ខណៈរំលោភបំពាន មានភាពតានតឹង និង​អសុវត្ថិភាព​ដែល​ធ្វើ​​ឱ្យ​អ្នកបើកបរ​ត្រូវប្រឈមហានិភ័យ​។

Jasper បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់​មួយនៅក្នុងថ្ងៃទី ១៩​ ខែ កុម្ភៈ ឆ្នាំ២០២៣ ពេលគេបំពេញការងារ​។ ការស្លាប់របស់​ Jasper គឺជាឧទាហរណ៍យ៉ាងខ្លោចផ្សា​បង្ហាញអំពីភាពងាយរងគ្រោះនៃអ្នកបើកបរបញ្ជូនទំនិញ។ អ្នកបើកបរត្រូវធ្វើការក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់ជាខ្លាំង ពួកគេ​​ត្រូវស្ថិតនៅចន្លោះកណ្ដាល​រវាងបំណងប្រាថ្នាចង់បានចំណេញឥតឈប់ឈររបស់ក្រុមហ៊ុនបញ្ជូនទំនិញ (ដែលរឹតច្របាច់យកអ្វីៗគ្រប់យ៉ាងពីអ្នកបើកបរដោយប្រើប្រាស់កម្មវិធី​ (algorithm) និងថ្លៃសេវាដែលមិនយុត្តិធម៌) និងការទាមទារមិនសមហេតុផលរបស់អតិថិជនដែលចង់បានការ​បញ្ជូនទំនិញឆាប់រហ័ស។

បន្ថែមលើនេះ ក្រុមហ៊ុនបញ្ជូនទំនិញនានា ដូចជាក្រុមហ៊ុន ហ្វ៊ូត ផេនដា ជាដើមបដិសេធមិនផ្តល់ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ។ ធានារ៉ាប់រងទាំងនេះគឺចាំបាច់ណាស់សម្រាប់អ្នកបើកបរនៅក្នុង​កន្លែងការងាររបស់ខ្លួន។ អស់ពេលជាយូរមកហើយដែលអ្នកបើកបរបញ្ជូនទំនិញ ត្រូវរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបង្ខំចិត្តចេញថ្លៃ​ចំណាយវេជ្ជសាស្ត្រដោយខ្លួនឯង ឬត្រូវពឹងពាក់លើ​ការផ្តល់ឱ្យ ម្ដងម្កាល និងមិនអាចព្យាករណ៍ទុកជាមុនបានរបស់ក្រុមហ៊ុនបញ្ជូនទំនិញ។ នៅក្នុងករណីការស្លាប់នៅកន្លែងធ្វើការងារបែបនេះ គ្រួសារទាំងឡាយ ដូចជាគ្រួសាររបស់ Jasper ជាដើម គឺអស់គ្មានសេសសល់អ្វីឡើយ។

យើងមិននិយាយថា Jasper មិនបានស្លាប់ដោយទទេៗ​នោះឡើយ ហើយសូមប្រែក្លាយការស្លាប់នេះ ទៅជា ការអំពាវនាវឱ្យមានធានារ៉ាប់រងប្រកបដោយគុណភាព និងការងារប្រកបដោយសុវត្ថិភាព។ យើងមិននិយាយថា​ ​យើងនឹង​បំពេញក្ដីប្រាថ្នារបស់គាត់ដើម្បីឱ្យមានការងារសមរម្យប្រកបដោយសេចក្ដីថ្លៃថ្នូរនោះឡើយ។ ប្រហែល​ជានៅពេលក្រោយ ពេលយើងនិយាយរំឭកវិញ្ញាណក្ខន្ធ Jasper យើងអាចនិយាយបែបនេះបាន។ប៉ុន្តែសម្រាប់ពេលឥលូវនេះ ក្ដីទុក្ខសោករបស់យើងគឺធំធេងហួសប្រមាណ។

អ្វីដែលយើង​អាចនិយាយបានគឺថា យើងបានបាត់បង់ Jasper ទាំងក្មេងវ័យ​​ដោយសារតែស្ថាន​ភាពប្រកប​ដោយ​គ្រោះថ្នាក់បង្កឡើងដោយក្រុមហ៊ុនបញ្ជូនទំនិញ។ ការស្លាប់របស់គាត់ជាការ​ស្លាប់ដែលអាចបង្ការបាន ជាការស្លាប់ដែលអាចចៀសវាងបាន ការស្លាប់នេះមិនមែន​ជារឿងចៃដន្យឡើយ។ គាត់ត្រូវស្លាប់ដោយសារការងារមិនមានសុវត្ថិភាព។ យើងចាំបាច់​ត្រូវបញ្ឈប់ស្ថានភាពបែបនេះ កុំឱ្យកើតមានតទៅទៀត។