Unite calls for an immediate ceasefire [Nov 3, 2023]
បន្ទាប់ពីមានសេចក្ដីថ្លែងការណ៍គាំទ្រ និងអនុម័តដោយ Unite រួមទាំងសេចក្ដីថ្លែងការណ៍នៅអគ្គក្រុមប្រឹក្សា TUC កាលពីថ្ងៃទី ១៨ ខែតុលា និងអាស្រ័យដោយមានការកើនឡើងអំពើហិង្សាជាបន្តបន្ទាប់ Unite សូមអំពាវនាវឱ្យមានឈប់បាញ់ជាបន្ទាន់ដោយឥតលក្ខខណ្ឌពីគ្រប់ភាគីទាំងអស់នៅប្រទេសអ៊ីស្រាអែល និងនៅតំបន់កាហ្សា។
ចាំបាច់ត្រូវតែបញ្ឈប់ជាបន្ទាន់នូវក្ដីភ័យខ្លាច ក្ដីឈឺចាប់ដែលមិនអាចទ្រាំទ្របាន ព្រមទាំងការស្លាប់របស់ជនស៊ីវិល ប្រជាជនទូទៅ បុគ្គលិកធ្វើការងារផ្ដល់ជំនួយ និងកុមាររាប់ពាន់នាក់។
យើងខ្ញុំសូមអំពាវនាវបន្ថែមទៀតឱ្យគ្រប់ភាគីទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ ដោយធានាឱ្យបានថា ជនស៊ីវិលទាំងអស់ត្រូវបានការពារ ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងដោយឥតរងគ្រោះថ្នាក់ ហើយចំណីអាហារ ទឹក អគ្គិសនី ថ្នាំសង្កូវ អនាម័យ និងឥន្ធនៈ ត្រូវបានស្ដារឡើងវិញ។
ច្បាប់អន្តរជាតិចែងយ៉ាងច្បាស់ថា ការសម្លាប់ជនស៊ីវិលដោយចេតនា ការចាប់ចំណាប់ខ្មាំង និងការដាក់ទណ្ឌកម្មជាសមូហភាព គឺជាឧក្រិដ្ឋកម្មសង្គ្រាម។ ឧក្រិដ្ឋកម្មប្រព្រឹត្តដោយក្រុមហាម៉ាស់ និងដោយរដ្ឋាភិបាលអ៊ីស្រាអែល ចាំបាច់ត្រូវរងការថ្កោលទោស ហើយចាំបាច់ត្រូវប្រកាន់ខ្ជាប់តាមច្បាប់អន្តរជាតិ។
នៅពេលជម្លោះកំពុងបន្ត ចាំបាច់ត្រូវបើកច្រករបៀងមនុស្សធម៌ ហើយត្រូវរក្សាច្រករបៀងទាំងនេះឱ្យនៅបើកចំហ ដើម្បីជួយសម្រួលលទ្ធភាពឱ្យប្រជាជនទទួលបានជំនួយមនុស្សធម៌។
Unite អំពាវនាវដល់សហគមន៍អន្តរជាតិទាំងមូលឱ្យបន្តធ្វើការងារឈានឆ្ពោះទៅបង្កើតឱ្យមានសន្តិភាពទូលំទូលាយ និងយូរអង្វែងផ្អែកលើដំណោះស្រាយរវាងរដ្ឋទាំងពីរដោយធានាឱ្យមានសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា និងត្រូវបញ្ឈប់ការកៀបសង្កត់ អំពើហិង្សា និងការប្រល័យពូជសាសន៍ ក៏ដូចជាការកាន់កាប់ដោយយោធាលើដែនដីប៉ាឡេស្ទីន និងការរាំងខ្ទប់តំបន់កាហ្សា។
នៅក្នុងចក្រភពអង់គ្លេស និងប្រទេសអ៊ៀកឡង់ Unite នឹងខិតខំដើម្បីប្រយុទ្ធប្រឆាំងជាមួយការប្រកាន់ពូជសាសន៍ប្រឆាំងក្រុមមូស្លីម ការរើសអើងពូជសាសន៍ប្រឆាំងជនជាតិជ្វីហ្វ និងការរើសអើងពូជសាសន៍ប្រឆាំងប្រជាជនប៉ាឡេស្ទីន និងអារ៉ាប់ដែលកំពុងមានការកើនឡើងនៅក្នុងកន្លែងការងាររបស់យើង និងសហគមន៍របស់យើងនៅពីក្រោយជម្លោះនេះ។ យើងក៏ធានាឱ្យបានថា សមាជិករបស់យើងពុំក្លាយជាជនមុខសញ្ញា ឬរងការស្ដីបន្ទោសចំពោះអ្វីដែលកំពុងកើតមាននៅក្នុងជម្លោះនេះ។
Unite ក៏នឹងធ្វើការងារជាមួយសហជីពបងប្អូនរបស់យើង រួមមានដូចជា TUC, STUC, WTUC, ICTU និងសហភាពសហជីពអន្តរជាតិ (ITUC) ដើម្បីគាំទ្រ និងលើកកម្ពស់សន្តិភាព និងដើម្បីកាត់បន្ថយក្ដីឈឺចាប់របស់ជនរងគ្រោះដោយជម្លោះនេះ។