សេចក្តីថ្លែងការណ៍នៅទីក្រុង Philadelphia ដែលបានអនុម័តនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៤៤ បានបញ្ជាក់ឡើងវិញ និងកំណត់គោលបំណង និងគោលបំណងរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩១៩។ អត្ថបទដំបូងបំផុតប្រកាសថា៖

(ក) ពលកម្មមិនមែនជាទំនិញទេ។

សេចក្តីថ្លែងការណ៍នេះបានមកដល់ចំណុចប្រសព្វប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបង្ហាញពីការចាប់ផ្តើមនៃការបញ្ចប់អាណានិគមនិយមសម្រាប់ប្រទេសជាច្រើនដែលកំពុងតស៊ូទាមទារឯករាជ្យ។ នៅក្នុងប្រទេសឯករាជ្យថ្មីៗជាច្រើន សំណល់នៃអាណានិគមនិយមសេសសល់ដូចជា ភាសា ការអប់រំ ច្បាប់ ព្រំដែន កម្មសិទ្ធិដីធ្លី ក៏ដូចជារចនា សម្ព័ន្ធនៃការគ្រប់គ្រង។ ការអនុវត្តអាណានិគម នឹងបន្តក្នុងទម្រង់ផ្សេងៗនៃការរើសអើងជាតិសាសន៍ ការរើសអើង ទាសភាព និងពលកម្មជាប់ចំណង ក៏ដូចជាអំពើពុករលួយដ៏ធំ។ (១)

ការអនុវត្តមួយក្នុងចំណោមការអនុវត្តដែលនឹងបន្តរីកចម្រើនផងដែរនោះគឺ ប្រព័ន្ធនៃប្រាក់ឈ្នួលកំណត់តាមចំនួន ផលិត(piece-rate)និងតាមកូតា(quotas)ដែលត្រូវបានរៀបចំឡើងដើម្បីបង្ខំកម្មករនិយោជិតឲ្យខិតខំផលិតបន្ថែមទៀត។ រឿងបែបនេះឃើញកើតមាននៅក្នុងឧស្សាហកម្មទំនើប ដោយបង្កើតជាប្រព័ន្ធនៃការផ្តល់រង្វាន់ និងការលើកទឹកចិត្តជាដើម ហើយនៅក្នុងសេដ្ឋកិច្ច និងពិភពបច្ចេកវិទ្យាបច្ចុប្បន្ន ជាឱកាស និងឯកសិទ្ធិការងារដោយខ្លួនឯង ប្រព័ន្ធប្រាក់ឈ្នួលកំណត់តាមចំនួនផលិតត្រូវបានចាក់ឬសនៅក្នុងវិន័យការងារ។ រឿងនេះត្រូវបានរៀបចំឡើងដើម្បីបង្ខំកម្មករ និងទាញយកផលប្រយោជន៍ពីកម្មករឲ្យបានច្រើនបន្ថែមទៀត។

ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធបែប​នេះ​ ​វា​ហាក់​ដូច​ជា​កម្មករ​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទាញ​យកផលប្រយោជន៍​បន្ថែមសម្រាប់​ខ្លួន​ខ្លួន​គេ ដោយសារតែគិតបែបហ្នឹង កម្មករត្រូវប្រឹងខ្លួនឯងឲ្យសម្រេចបានតាមគោលដៅ និងកូតា ដោយផលិតបានឲ្យកាន់តែច្រើនឡើងៗតាមការកំណត់។ ការបង្ខិតបង្ខំឲ្យធ្វើបែបនេះ និយោជកយល់ថាជាការប្រកួតប្រជែងរបស់មនុស្ស ដោយជារឿយៗប្រើពាក្យស្លោក “ការរស់រានមានជីវិតដែលសមរម្យបំផុត” ដែលផ្ទុយពីអត្ថន័យដើមរបស់ Darwin ។ (២)

សម្រាប់កម្មកររាប់រយលាននាក់ ការបង្ខិតបង្ខំបែបហ្នឹង សម្ពាធឥតឈប់ឈរអញ្ចឹង មិនត្រូវបានផ្លាស់ប្តូរទេ។ សម្ពាធ​ដែលធ្វើឡើងទទួលបានប្រាក់ឈ្នួលតាមចំនួនផលិត និងកូតា មិនមែនមកពីបំណងប្រាថ្នាដើម្បីប្រកួតប្រជែងរបស់កម្មករនោះទេ ប៉ុន្តែគ្រាន់តែដើម្បីរស់ ទាំងនេះកើតឡើងដោយសារតែកម្មករ និងគ្រួសាររបស់ពួកគេមិនទទួលបានប្រាក់ឈ្នួលរស់នៅដែលមានការធានា និងការការពារដោយសង្គម ដើម្បីធានាបាននូវការទទួលបានសុខភាពសមរម្យ ការអប់រំ លំនៅដ្ឋាន អាហារ និងអាហារូបត្ថម្ភ និងគុណភាពជីវិតកាន់តែប្រសើរ។ ដូចដែលយើងបានពន្យល់នៅកន្លែងផ្សេងទៀត ប្រាក់ឈ្នួលតាមចំនួនផលិត និងកូតា គឺជាកត្តាជំរុញដ៏សំខាន់នៃពលកម្មកុមារ។

សម្ពាធដែលបង្កើតឡើងដោយការផ្តល់ប្រាក់ឈ្នួលតាមចំនួនផលិត និងកូតា មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពកម្មករ។ ក្រោមសម្ពាធអត្រានៃការផលិត កូតា ឬកំណត់គោលដៅ(Target) កម្មករធ្វើការលើសពីដែនកំណត់រាងកាយរបស់ពួកគេ។ បន្ទុកការងារច្រើនពេក និងម៉ោងធ្វើការយូរដោយមិនសម្រាក ឬការបរិភោពអាហារ វាជារឿងធម្មតាសម្រាប់​កម្មករចំការ កសិដ្ឋាន និងកម្មករឧស្សាហកម្មសាច់ តែវាកើតដូចគ្នាចំពោះកម្មករនៅក្នុងសណ្ឋាគារប្រណិត និងបណ្តាញអាហាររហ័ស(fast food)នៅជុំវិញពិភពលោកដែរ។ ការកំណត់កូតា ការកំណត់គោលដៅ និងអត្រាផលិត ជំរុញឲ្យកម្មករធ្វើការយូរម៉ោងជាងអ្វីដែលពួកគេគួរធ្វើ។ ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ពួកគេប្រាប់ពួកគេឲ្យ​ឈប់​​ធ្វើការ និងសម្រាក។ រាងកាយរបស់ពួកគេបញ្ជូនសញ្ញាម្តងហើយម្តងទៀត(ឧទាហរណ៍ការឈឺចាប់)  តែកូតាប្រាប់​ពួកគេកុំឲ្យអើពើនឹងអ្វីៗទាំងអស់នេះ ហើយបន្តទៅមុខទៀត។ (៣)

ពេលវេលាដែលត្រូវការដើម្បីបំពេញឲ្យសំរេចកូតា ឬទទួលបានប្រាក់ឈ្នួលគ្រប់គ្រាន់តាមរយៈអត្រានៃការផលិត ក្លាយជារឿងសំខាន់។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលកម្មករនិយោជិតត្រូវតែឈប់សម្រាក សម្រាកបរិភោគអាហារ និងសម្រាកចូលបន្ទប់ទឹក តែដោយសារឿងកូតា ពួកគេត្រូវបង្ខំខ្លួនឯងឲ្យធ្វើលើសពីដែនកំណត់រាងកាយរបស់ខ្លួន។ ជាការពិតណាស់ នេះជាកិច្ចខិតខំប្រឹងប្រែងមិនឲ្យបាត់បង់ពេលវេលា និងឈានដល់គោលដៅរបស់ពួកគេ ដោយត្រូវបង្ខំបោះបង់ចោលវិធានការសុខភាព និងសុវត្ថិភាពការងារ ដែលបង្កើនហានិភ័យដល់សុខភាព និងដល់អាយុជីវិតរបស់ពួកគេ។ នៅពេលដែលស្ថិតក្រោមសម្ពាធនៃអត្រាផលិត ឬកូតា កម្មករមិនអាចឈប់ពាក់ឧបករណ៍ការពារផ្ទាល់ខ្លួន ឬធ្វើតាមការណែនាំសុវត្ថិភាពដោយប្រុងប្រយ័ត្នទេ ពីព្រោះពួកគេកំពុងបាត់បង់ប្រាក់ចំណូលបើធ្វើបែបហ្នឹង។ តម្រូវការកាន់តែច្រើនសម្រាប់ប្រាក់ចំណូល នោះហានិភ័យកាន់តែច្រើន។

និយោជកមិនអើពើនឹងផលប៉ះពាល់ពីការកណត់អត្រាផលិតផល និងកូតា នោះទេ តែបែជាបន្ទោសកម្មករចំពោះការងារមិនប្រុងប្រយ័ត្នទៅវិញ។ ជំនួសឲ្យការធានាប្រាក់ឈ្នួលរស់នៅសមរម្យតាមរយៈការចរចាជាសមូហភាព និងឲ្យមានការរៀបចំឡើងវិញនូវបន្ទុកការងារ ដែលត្រូវធ្វើដោយសុវត្ថិភាពក្នុងរយៈពេលប្រាំបីម៉ោង និយោជកបែជាណែនាំបែបការបណ្តុះបណ្តាល … និងមានការដាក់ទណ្ឌកម្មសព្វបែបយ៉ាងទៅវិញ។ វាជាការគួរឲ្យហួសចិត្ត និងគួរឲ្យព្រួយបារម្ភ ដែលសូម្បីតែ ក្រុមហ៊ុនធំៗ នៅលើពិភពលោក ក៏បានបង្ខំកម្មករឲ្យកាត់បន្ថយការគិតគូរពីសុខភាពនិងសុវត្ថិភាព ក្រោមសម្ពាធនៃការកំណត់ផលិតផល និងកំណត់កូតា ព្រមទាំងណែនាំប្រព័ន្ធស្មុគស្មាញនៃការដាក់ទណ្ឌកម្មសម្រាប់ផែនការរបស់គេ។

គ្មានការងឿងឆ្ងល់ទេថា ដោយសារការប្រែប្រួលអាកាសធាតុនាំឲ្យសីតុណ្ហភាពកើនឡើង នោះនឹងមានហានិភ័យខ្ពស់​នៃភាពតានតឹងនឹងកម្ដៅ ឬហត់នឿយនឹងកម្ដៅ និងការកើនឡើងកម្តៅ (៤)។ ប្រសិនបើកម្មករមិនអាចឈប់សម្រាក​ដើម្បីផឹកទឹក ស្វែងរកម្លប់សម្រាក ឥឡូវនេះសូមស្រមៃមើលថា តើវានឹងទៅជាយ៉ាងណាក្នុងរយៈពេលពីរទស​វត្សរ៍ខាងមុខ។ នៅក្នុងលក្ខខណ្ឌទាំងនេះ សម្ពាធកំណត់អត្រាផលិត និងកូតា នឹងសម្លាប់កម្មករជាច្រើនទៀត។

ទីបំផុតវាជាការភ័យខ្លាច ដែលជាការភ័យខ្លាចនៃការរកប្រាក់ចំណូលមិនគ្រប់គ្រាន់ ឬខ្លាចបាត់បង់ការងារ គឺជាអ្វីដែលបង្ខំកម្មករភាគច្រើនដែលពឹងផ្អែកលើប្រាក់ឈ្នួលតាមការកំណត់ផលិតផល និងកូតា។ មានការភ័យខ្លាចនៃការស្តីបន្ទោសផងដែរគឺ “ការធ្វើក្រុមក្រុមធ្លាក់ចុះ” ដែលបង្កើតភាពតានតឹងផ្លូវចិត្តយ៉ាងច្បាស់។ តាមពិតសម្រាប់កម្មករវ័យក្មេងជាច្រើនដែលខ្ញុំបានជួប ការភ័យខ្លាចនៃការស្តីបន្ទោសចំពោះការធ្វើការងារមិនគ្រប់គ្រាន់ ឬធ្វើឲ្យក្រុមធ្លាក់ចុះ លើសពីការភ័យខ្លាចបាត់បង់ការងារ ប៉ុន្តែសម្រាប់និយោជកជាច្រើន ការភ័យខ្លាចរបស់កម្មករនេះ គឺជាចំណុចសំខាន់សម្រាប់ការអនុវត្តការងារបែបទំនើបរបស់ពួកគេ។

ចិតសិបប្រាំពីរឆ្នាំបន្ទាប់ពីការប្រកាសនៅទីក្រុង Philadelphia យើងគួរចោទសួរថា ហេតុអ្វីបានជាយើងមិនមានការរីកចម្រើនគ្រប់គ្រាន់។ កម្លាំងពលកម្មជាទំនិញមួយដ៏ច្រើន ហើយកត្តាមួយក្នុងចំណោមកត្តាផ្សេងៗទៀតដែលធ្វើឲ្យ​និរន្តភាពនោះគឺសម្ពាធនៃការកំណត់ចំនួនផលិត(Piece-rate) កំណត់កូតា(Quotas) និងកំណត់គោលដៅ(Target)។ ទាំងនេះគឺជាសម្ពាធដែលផ្អែកលើការភ័យខ្លាច និងប្រាក់ឈ្នួលរស់នៅមិនគ្រប់គ្រាន់ និងការការពារពីសង្គម។

ការយកឈ្នះលើការភ័យខ្លាចនេះ និងអវត្តមាននៃប្រាក់ឈ្នួលចិញ្ចឹមជីវិត ព្រមទាំងការគាំពារសង្គម តាមពិតអាចពឹង​ផ្អែកលើគោលការណ៍ទីពីរដែលបានប្រកាសនៅក្នុងសេចក្តីប្រកាសនៃទីក្រុង Philadelphia នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៤៤៖

(ខ) សេរីភាពនៃការបញ្ចេញមតិ និងការបង្កើតសមាគមមានសារៈសំខាន់ចំពោះវឌ្ឍនភាពជានិរន្តរភាព។

ដល់ពេលចាប់ផ្តើមដំណើរការហើយ។

លោកបណ្ឌិត Muhammad Hidayat Greenfield លេខាធិការប្រចាំតំបន់ IUF អាស៊ី/ប៉ាស៊ីហ្វិក

Hotel housekeeping workers in the Philippines protest “room quotas kill!” on International Workers Memorial Day, 28 April 2018